khmer eng
  • សាស្រ្តាចារ្យ និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ព្រះសង្ឃ សាស្រ្តាចារ្យ និស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបចំនួន២០០នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
    ក្នុងឱកាសនោះ ព្រះសង្ឃ សាស្រ្តាចារ្យ និងនិស្សិត បានអញ្ជើញចូលស្តាប់ការធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងបទបង្ហាញស្តីពីដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា របស់លោក សុខ សុជាតិ ជំនួយការអគ្គលេខាធិការព្រឹទ្ធសភា។
    បន្ទាប់ពីស្តាប់បទបង្ហាញរួចមក ព្រះសង្ឃ សាស្ត្រាចារ្យ និសិ្សតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា បណ្ណាល័យព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។
    សូមជម្រាបថា វិមានព្រឹទ្ធសភា គឺជាអតីតវិមានរដ្ឋចំការមនដែលត្រូវបានផ្តួចផ្តើមគំនិតកសាងឡើងក្នុងទសវត្សរ៍ទី៥០ ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងពេលនោះ វិមានរដ្ឋចំការមន គឺជាទីកន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រមុខរដ្ឋនៃប្រទេសនានា ជាកន្លែងធ្វើការងារនិងជាព្រះរាជដំណាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះរាជដំណាក់របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះរាជដំណាក់របស់ព្រះរាជបុត្រី នរោត្តម បុប្ជាទេវី។ ក្រៅពីនេះ នៅក្នុងវិមានរដ្ឋចំការមន ក៏មានសាលបដិសណ្ឋារកិច្ច សាលរៀបចំពិធីជប់លៀង អគារការិយាល័យ កន្លែងស្នាក់នៅរបស់ភ្ញៀវ និងរោងភាពយន្តផងដែរ។
    បច្ចុប្បន្នវិមានរដ្ឋចំការមន គឺជាកន្លែងធ្វើការរបស់ស្ថាប័នកំពូលៗចំនួន ៣ស្ថាប័ន គឺព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលអាសយដ្ឋាននៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់វិមាន៧មករា (គណបក្សប្រជាជនកម្ពុជា)៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម